User Tools

Site Tools


Translations of this page?:
km:index

សូម​ស្វាគមន៍​នៅ​បណ្ណាល័យ sangham.net [ជា​ភាសា​ខ្មែរ]

សូត្រ ចៃដន្យ



សុភសូត្រ ទី១០

សង្ខេប

បន្ទាប់​ពី​ព្រះ​ពុទ្ធ​បរមគ្រូ បរិនិព្វាន។ ព្រះ​អានន្ទ សម្តែង​ធម្ម​ទេសនា​លំអិត អំពី​ខន្ធ ទាំង​បីនែ​អរិយ​មគ្គ ដល់​សុភមាណព ជា​កូន​ព្រាហ្នណ៍។

dn 10 បាលី cs-km: sut.dn.10 អដ្ឋកថា: sut.dn.10_att PTS: ?

(ទី១០) សុភសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១០. សុភសុត្តំ)

[១១៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ កាលព្រះមានព្រះភាគ ទ្រង់បរិនិព្វានទៅហើយ មិនទាន់យូរប៉ុន្មាន1) ព្រះអានន្ទមានអាយុ គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិក​គហបតី ជិតក្រុងសាវត្ថី។

[១១៧] សម័យនោះឯង សុភមាណព ជាកូននៃតោទេយ្យព្រាហ្មណ៍ នៅអាស្រ័យ​ក្នុងក្រុងសាវត្ថី ដោយកិច្ចឯណានីមួយ។ លំដាប់នោះ សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ ហៅមាណពម្នាក់មកថា ម្នាលមាណព ឯងចូរ​មកនេះ ឯង​ចូរទៅរកព្រះសមណៈ ឈ្មោះអានន្ទ លុះចូលទៅដល់ហើយ ចូរសួរនូវ​អាការ​មានអាពាធ​តិច មានរោគតិច ក្រោកទៅមកបានរហ័សរហួន មានកម្លាំង នៅជាសុខសប្បាយ នឹង​ព្រះសមណៈ ឈ្មោះអានន្ទ តាមពាក្យរបស់អញថា សុភមាណព ជាកូន​តោទេយ្យ​ព្រាហ្មណ៍ ផ្តាំឲ្យសួរនូវអាការ​មានអាពាធ​តិច មានរោគតិច ក្រោកទៅមក បានរហ័ស​រហួន និងកម្លាំង និងអាការនៅជាសុខសប្បាយ ចំពោះព្រះអានន្ទដ៏ចំរើន រួចហើយ ឯង​ចូរ​និមន្តថា សូមព្រះអានន្ទជាម្ចាស់ អាស្រ័យ​នូវ​សេចក្តីអនុគ្រោះ និមន្តមកកាន់​ទីលំនៅ​របស់​សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍​ឲ្យទាន។ មាណពនោះ ទទួលពាក្យ​សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ថា បាទ​ អ្នកម្ចាស់ ហើយក៏ចូលទៅ​រក​ព្រះអានន្ទ​មានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យ​រាក់​ទាក់ សំណេះសំណាល ទៅនឹង​ព្រះអានន្ទ​មានអាយុ លុះបញ្ចប់ពាក្យដែលគួរ​រីករាយ និងពាក្យដែលគួររលឹកហើយ អង្គុយក្នុងទីដ៏សមគួរ។ លុះមាណពនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានទូលស្នើ​សេចក្តី​នេះ នឹងព្រះអានន្ទមានអាយុថា សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ សួរ​នូវ​អាការមិនមានអាពាធ មិនមានរោគ ក្រោ​កទៅមកបានរហ័សរហួន កម្លាំង និងអាការ​នៅ​ជា​សុខសប្បាយ ចំពោះ​ព្រះអានន្ទ​ជាម្ចាស់ រួចហើយឲ្យនិមន្តយ៉ាងនេះថា សូមព្រះអានន្ទ​ដ៏​ចំរើន អាស្រ័យ​នូវសេចក្តី​អនុគ្រោះ និមន្តទៅកាន់លំនៅរបស់សុភមាណព ជាកូន​តោទេយ្យ​ព្រាហ្មណ៍ឲ្យទាន។

[១១៨] កាលមាណព ពោលពាក្យយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏មាន​ថេរវាចា​ដូច្នេះ ទៅនឹងមាណពនោះថា ម្នាលមាណព កាលនេះមិនគួរ (នឹងទៅទេ) ដ្បិត​ថ្ងៃ​នេះ យើងបានឆាន់ថ្នាំខ្លះទៅហើយ បើដូច្នោះ ចាំយើងពិចារណា នូវកាល និងសម័យ​សិន ហើយសឹមទៅក្នុងថ្ងៃស្អែក។ មាណពនោះ ទទួលពាក្យព្រះអានន្ទមានអាយុថា ករុណា​​លោកម្ចាស់ ហើយក្រោកចាកអាសនៈ ចូលទៅរក​សុភមាណព ជាកូនតោទេយ្យ​ព្រាហ្មណ៍ លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងសុភមាណព ជាកូន​តោទេយ្យ​ព្រាហ្មណ៍ថា ខ្ញុំបាននិយាយនឹងព្រះអានន្ទដ៏ចំរើននោះ តាមពាក្យ​របស់​អ្នករួច​ហើយ​ថា សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍សូរនូវអាការមិនមានអាពាធ មិនមាន​រោគ ក្រោកទៅមកបានរហ័សរហួន និងកំឡាំង និងអាការ​នៅជាសុខសប្បាយ ចំពោះ​ព្រះអានន្ទដ៏ចំរើន ហើយនិមន្តយ៉ាងនេះថា សូម​ព្រះអានន្ទដ៏ចំរើន អាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ និមន្តទៅកាន់លំនៅ​សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ឲ្យទាន បពិត្រ​អ្នក​ម្ចាស់ កាលដែលខ្ញុំ​ពោលយ៉ាងនេះហើយ ព្រះសមណៈអានន្ទ បានពោល​ពាក្យនេះ​ នឹង​ខ្ញុំ​ថា ម្នាលមាណព កាលនេះមិនគួរ (នឹងទៅទេ) ដ្បិត​ថ្ងៃ​នេះ យើង​បាន​ឆាន់​ថ្នាំខ្លះទៅ​ហើយ បើដូច្នោះ ចាំយើងពិចារណា នូវកាល និងសម័យ​សិន ហើយ​សឹម​ទៅ​ក្នុងថ្ងៃស្អែក បពិត្រអ្នកម្ចាស់ ព្រះអានន្ទដ៏ចំរើននោះ បានធ្វើឱកាស ដើម្បីនិមន្ត​មកឆាន់​ក្នុងថ្ងៃស្អែក ដោយកិច្ចណា កិច្ចនេះ ខ្ញុំបានធ្វើសម្រេចហើយ ដោយ​ហេតុមានប្រមាណ​ប៉ុណ្ណេះ។

[១១៩] លុះកន្លងរាត្រីនោះហើយ ព្រះអានន្ទមានអាយុ ទ្រង់ស្បង់ និងបាត្រ ចីវរ ក្នុង​បុព្វណ្ហសម័យ មានភិក្ខុ១រូប ឈ្មោះចេតកៈ ជាបច្ឆាសមណៈ ក៏ចូលសំដៅ​ទៅត្រង់​ទី​លំនៅ របស់​​សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏គង់លើ​អាសនៈ ដែលគេក្រាលបម្រុងទុក។ លំដាប់នោះ ​សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះ​សំណាល នឹងព្រះអានន្ទមានអាយុ លុះបញ្ចប់នូវពាក្យដែលគួររីករាយ និងពាក្យដែល​គួរ​រលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះ​​សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ អង្គុយ​ក្នុងទីដ៏សមគួរហើយ។ បានទូលស្នើរឿងនេះ នឹងព្រះអានន្ទមានអាយុថា ព្រះអានន្ទ​ដ៏ចំរើន ជាឧបដ្ឋាក ជាអ្នកនៅជិតដិត ជាអ្នកបម្រើជិត នៃព្រះគោតមដ៏​ចំរើន​នោះ អស់កាល​ជាអង្វែង ព្រះអានន្ទដ៏ចំរើន គួរនឹង​ដឹងរឿង​នុ៎ះ ព្រះគោតមដ៏ចំរើននោះ បានពោលសរសើរធម៌ទាំងឡាយណា ទាំងណែនាំប្រជុំជននេះ ឲ្យតាំងនៅ ឲ្យប្រតិស្ឋាន​ក្នុងធម៌ទាំងឡាយណា បពិត្រព្រះអានន្ទដ៏ចំរើន ព្រះគោតមដ៏ចំរើននោះ បានពោល​សរសើរធម៌ទាំងឡាយនោះ ដូចម្តេចខ្លះ ទាំងបានណែនាំប្រជុំជននេះ ឲ្យតាំងនៅ ឲ្យ​ប្រតិស្ឋាន ក្នុងធម៌ដូចម្តេចខ្លះ។ ព្រះអានន្ទតបថា ម្នាលមាណព ព្រះមានព្រះភាគនោះ ព្រះអង្គបានពោលសរសើរ​ខន្ធ៣យ៉ាង ទាំងបានណែនាំប្រជុំជននេះ ឲ្យតាំងនៅ ឲ្យ​ប្រតិស្ឋាន ក្នុងខន្ធទាំង៣យ៉ាងនុ៎ះ ខន្ធទាំង៣យ៉ាងនោះ តើដូចម្តេចខ្លះ គឺអរិយ​សីលក្ខន្ធ​១ អរិយសមាធិក្ខន្ធ១ អរិយបញ្ញាខន្ធ១ ម្នាលមាណព ព្រះមានព្រះភាគនោះ ព្រះអង្គ​បាន​ពោល​សរសើខន្ធទាំង៣យ៉ាងនេះឯង ទាំងបាន​ណែនាំ​ប្រជុំជននេះ ឲ្យតាំងនៅ ឲ្យ​ប្រតិស្ឋាន ក្នុងខន្ធទាំង៣យ៉ាងនេះ។

[១២០] សុភមាណពទូលសួរថា បពិត្រព្រះអានន្ទដ៏ចំរើន ចុះអរិយសីលក្ខន្ធ ដែល​ព្រះគោតមដ៏ចំរើននោះ ទ្រង់បានពោលសរសើរហើយ ទាំងបានណែនាំប្រជុំជននេះ ឲ្យ​តាំង​នៅ ឲ្យប្រតិស្ឋាននោះ តើដូចម្តេច។ ព្រះអានន្ទតបថា ម្នាលមាណព ព្រះតថាគត​កើត​ឡើងក្នុងលោកនេះ បានជាអរហន្ត សម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ។បេ។ ព្រះអង្គញុំាងលោកនេះ ព្រមទាំងទេវលោក មារលោក។បេ។ ព្រះអង្គ ទ្រង់ប្រកាសព្រហ្ម​ចរិយធម៌ដ៏បរិសុទ្ធ។ គហបតីក្តី កូនរបស់គហបតីក្តី ឬបុគ្គល កើតក្នុងត្រកូលឯណានីមួយ ជាខាងក្រោយក្តី ស្តាប់នូវ​ធម៌នោះ លុះបុគ្គលនោះ ស្តាប់នូវធម៌​នោះហើយ រមែង​បាននូវ​សទ្ធា ក្នុងព្រះតថាគត លុះបុគ្គលនោះ ប្រកបដោយការបាននូវសទ្ធានេះហើយ រមែង​ពិចារណាឃើញច្បាស់ថា ឃរាវាសចង្អៀតចង្អល់ ជាផ្លូវ​ហូរមកនៃធូលី គឺកិលេស បព្វជ្ជា ទើប​មានឱកាសទំនេរ បុគ្គលដែលនៅ​ជាគ្រហស្ថ គ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្ត​ព្រហ្ម​ចរិយធម៌ ឲ្យបរិបូណ៌ ពេញលេញ ឲ្យបរិសុទ្ធពេញលេញ ដូចស័ង្ខដែលគេខាត់ហើយ​នោះ​ទេ បើដូច្នោះ មានតែអាត្មាអញ កោរសក់ និងពុកមាត់ ពុកចង្ការួចហើយ ស្លៀក​ដណ្តប់​នូវសំពត់​ជ្រលក់អម្ចត់ ហើយចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ លុះ​កាល​ជាខាងក្រោយមក បុគ្គលនោះ លះបង់គំនរភោគៈតិចក្តី លះបង់​គំនរ​ភោគៈ​ច្រើន​ក្តី លះបង់នូវ​ញាតិវង្សតិចក្តី លះបង់​នូវញាតិវង្ស​ច្រើនក្តី កោរសក់ និងពុកមាត់ ពុកចង្ការួចហើយ ស្លៀកដណ្តប់សំពត់ជ្រលក់អម្ចត់ ហើយចេញចាកផ្ទះ ចូល​ទៅកាន់​ផ្នួស។ កាលបើបុគ្គលនោះបួសយ៉ាងនេះហើយ ក៏សង្រួមក្នុងបាតិមោក្ខសំវរសីល ប្រកបដោយ​អាចារៈ និងគោចរៈ ឃើញភ័យក្នុងទោស សូម្បីបន្តិចបន្តួច សមាទាន​សិក្សា ក្នុងសិក្ខាបទទាំងឡាយ ប្រកបដោយ​កាយកម្ម និងវចីកម្មជាកុសល មានអាជីវៈ​ដ៏បរិសុទ្ធ បរិបូណ៌ដោយសីល រក្សានូវទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ប្រកបដោយសតិសម្បជញ្ញៈ ជាអ្នក​សន្តោស។

[១២១] ម្នាលមាណព ចុះភិក្ខុជាអ្នកបរិបូណ៌ដោយសីល តើដូចម្តេច ម្នាល​មាណព ភិក្ខុក្នុងសាសនានេះ លះបង់បាណាតិបាត វៀរស្រឡះ​ចាកបាណាតិបាត ជាអ្នកមានគ្រឿងវាយសំពង ដាក់ចុះហើយ មានគ្រឿង​សស្ត្រាដាក់ចុះហើយ មាន​សេចក្តី​ខ្មាសបាប មានចិត្ត​អាណិតអាសូរ ជាអ្នកមានសេចក្តីអនុគ្រោះដោយប្រយោជន៍ ដល់សត្វ​មានជីវិតទាំងពួង។ ម្នាលមាណព ភិក្ខុលះបង់បាណាតិបាត វៀរស្រឡះ​ចាក​បាណាតិបាត ជាអ្នកមានគ្រឿងវាយសំពង ដាក់ចុះហើយ មានគ្រឿង​សស្ត្រាដាក់​ចុះ​ហើយ មាន​សេចក្តី​ខ្មាសបាប មានចិត្ត​អាណិតអាសូរ ជាអ្នកមាន​សេចក្តី​អនុគ្រោះ​ដោយ​ប្រយោជន៍ ដល់សត្វ​មានជីវិតទាំងពួង ដោយអំពើណា អំពើនេះឯង ជាសីល​របស់​ភិក្ខុ​នោះ (សីលទាំងពួងក្រៅអំពីនោះ បណ្ឌិតគប្បីសំដែង​ឲ្យពិស្តារផងចុះ)។បេ។

[១២២] មួយយ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគ​​ភោជន ដែលគេឲ្យដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ តែងចិញ្ចឹម​ជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ។ តិរច្ឆានវិជ្ជានោះ តើដូច​ម្តេច។ គឺវិធីបន់ស្រន់ខ្លះ វិធីលាបំណន់ខ្លះ វិធីធ្វើប្រយោគមន្ត ដែលបុគ្គលនៅក្នុងភូមិ ផ្ទះ​គួររៀនខ្លះ វិធីធ្វើមនុស្សខ្ទើយ ឲ្យដូចជាមនុស្សប្រុសខ្លះ វិធីធ្វើមនុស្សប្រុស ឲ្យដូចជា​មនុស្ស​ខ្ទើយខ្លះ វិធីសង់ផ្ទះ លើទីដីដែលមិនធ្លាប់បានធ្វើខ្លះ វិធីធ្វើពលីកម្ម ចំពោះ​សំណង់​ផ្ទះខ្លះ វិធីជំរះមុខឲ្យស្អាត ដោយទឹកខ្លះ វិធីស្រោចទឹកបង្កក់​ប្រសិទ្ធិ៍ឲ្យជនដទៃខ្លះ វិធីបូជា​ភ្លើងខ្លះ វិធីផ្សំថ្នាំក្អកខ្លះ វិធីផ្សំថ្នាំបញ្ចុះខ្លះ វិធីផ្សំថ្នាំកំចាត់បង់នូវទោសខាងលើ មាន​ប្រមាត់​ជាដើមខ្លះ វិធីផ្សំថ្នាំកំចាត់បង់នូវទោសខាងក្រោម មានបំពង់បស្សាវៈ​ជាដើម​ខ្លះ វិធីផ្សំថ្នាំកំចាត់បង់នូវទោសក្នុងក្បាល នាំចេញនូវស្លេស្មជាដើមខ្លះ វិធីស្លប្រេងបន្តក់​ត្រចៀក​ខ្លះ វិធីស្លប្រេងសម្រាប់ស្អំភ្នែកខ្លះ វិធីផ្សំថ្នាំសម្រាប់ហិតខ្លះ វិធីផ្សំថ្នាំសម្រាប់បន្តក់​ភ្នែកខ្លះ វិធីផ្សំថ្នាំត្រជាក់សម្រាប់លាបភ្នែកខ្លះ វិធីធ្វើវេជ្ជកម្មរក្សាភ្នែកខ្លះ វិធីធ្វើកម្មរបស់​ពេទ្យវះខ្លះ វិធីធ្វើពេទ្យរក្សាកូនក្មេងខ្លះ វិធីឲ្យកំឡាំង​ថ្នាំក្រោយ ដល់ថ្នាំមុនខ្លះ វិធីលាងថ្នាំ​ដើម2) ចេញខ្លះ។ ភិក្ខុវៀរស្រឡះ ចាកការចិញ្ចឹមជីវិតខុស ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ ដោយប្រការដូច្នេះឯង។ ម្នាលមាណព ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគ​​ភោជន ដែលគេឲ្យដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ តែងចិញ្ចឹម​ជីវិតដោយ​មិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ។ តិរច្ឆានវិជ្ជានោះ តើដូច​ម្តេច។ វិធីបន់ស្រន់ខ្លះ វិធីលាបំណន់ខ្លះ។បេ។ វិធីលាងថ្នាំ​ដើមចេញខ្លះ។ ភិក្ខុវៀរស្រឡះ ចាក​ការ​ចិញ្ចឹមជីវិតខុស ព្រោះតែតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ ដោយប្រការដូច្នេះ ដោយ​អំពើណា អំពើនេះឯង ជាសីលរបស់ភិក្ខុនោះដែរ។ ម្នាលមាណព ភិក្ខុនោះឯង បានបរិបូណ៌​ដោយសីលយ៉ាងនេះហើយ រមែងមិនឃើញនូវភ័យ អំពីទីណាមួយ ដែល​កើតអំពី​សេចក្តីសង្រួមក្នុងសីលឡើយ។ ម្នាលមាណព ប្រៀបដូចព្រះបរមក្សត្រិយ៍ ដែល​បានមុទ្ធាភិសេកជាស្តេចហើយ​ បានកំចាត់បង់នូវ​សត្រូវអស់ហើយ រមែង​មិន​ឃើញ​នូវភ័យ អំពីទីណាមួយ ដែលកើតអំពីសត្រូវឡើយ ដូចម្តេចមិញ ម្នាលមាណព ភិក្ខុ​ដែល​បាន​​បរិបូណ៌​ដោយ​សីល​យ៉ាង​នេះ​ហើយ រមែង​មិនឃើញ​នូវ​ភ័យ អំពីទីណា​មួយ​ឡើយ ដែលកើតអំពីសេចក្តីសង្រួម ក្នុងសីល ដូច្នោះឯង។ ភិក្ខុនោះ ប្រកបព្រមដោយ​អរិយសីលក្ខន្ធ​នេះហើយ រមែងទទួល​សេចក្តីសុខ ឥតមានទោស ក្នុងសន្តាននៃខ្លួន។ ម្នាលមាណព ភិក្ខុជាអ្នក​បរិបូណ៌​ដោយសីល យ៉ាងនេះឯង។ ម្នាលមាណព នេះឯងជា​អរិយសីលក្ខន្ធ ដែលព្រះមានព្រះភាគ ទ្រង់បានពោលសរសើរ​ហើយ ទាំងបានណែនាំ​ប្រជុំជន​នេះ ឲ្យតាំងនៅ ឲ្យប្រតិស្ឋាន កិច្ចដែលគួរធ្វើតទៅ ក្នុង​សាសនានេះ នៅមាន​ទៀត។ សុភមាណព ពោលសរសើរថា បពិត្រព្រះអានន្ទដ៏ចំរើន ហេតុនេះជាអស្ចារ្យ​ណាស់ បពិត្រព្រះអានន្ទដ៏ចំរើន ហេតុនេះមិនធ្លាប់មាន បែរជាមាន​បាន បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន ក៏អរិយសីលក្ខន្ធនោះ បរិបូណ៌ហើយ មិនមែនជាមិន​បរិបូណ៌ទេ បពិត្រ​ព្រះអានន្ទដ៏ចំរើន ខ្ញុំព្រះករុណា មិនដែលឃើញនូវអរិយសីលក្ខន្ធ ដែល​បរិបូណ៌​ហើយ​យ៉ាងនេះ ក្នុងពួកសមណៈដទៃ​ ខាងក្រៅព្រះពុទ្ធសាសនា​នេះទេ។ បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន ពួកសមណព្រាហ្មណ៍ដទៃ ខាងក្រៅព្រះពុទ្ធសាសនានេះ គង់​បាន​ឃើញ​​អរិយសីលក្ខន្ធ ដែលបរិបូណ៌ហើយ យ៉ាងនេះក្នុងខ្លួនដែរ តែសមណ​ព្រាហ្មណ៍​ទាំង​នោះ ពេញចិត្តដោយគុណ ត្រឹមតែសីលក្ខន្ធប៉ុណ្ណោះថា ល្មមហើយ​ដោយគុណ មានប្រមាណ​ប៉ុណ្ណោះ សម្រេចហើយដោយគុណ មានប្រមាណ​ប៉ុណ្ណេះ ប្រយោជន៍​នៃ​សាមញ្ញគុណ យើងបានដល់ដោយលំដាប់ហើយ កិច្ចនីមួយ​ ដែល​យើង​ទាំងឡាយ គប្បីធ្វើតទៅ មិនមានឡើយ។ ចំណែក​ព្រះអានន្ទដ៏ចំរើន ពោលយ៉ាង​នេះថា កិច្ចដែលគួរ​ធ្វើ​តទៅ ក្នុងសាសនានេះ នៅមានទៀត។

[១២៣] បពិត្រព្រះអានន្ទដ៏ចំរើន ចុះអរិយសមាធិក្ខន្ធ ដែលព្រះគោតមដ៏ចំរើន ទ្រង់បានពោលសរសើរហើយ ទាំងបានណែនាំប្រជុំជននេះ ឲ្យតាំងនៅ ឲ្យប្រតិស្ឋាន​នោះ តើដូចម្តេច។ ម្នាលមាណព ចុះភិក្ខុជាអ្នករក្សានូវទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ តើ​ដូចម្តេច។ ម្នាលមាណព ភិក្ខុក្នុងសាសនានេះ បានឃើញ​នូវរូបារម្មណ៍ ដោយចក្ខុហើយ តែ​មិនបានកួចកាន់នូវនិមិត្ត មិនបានកួចកាន់នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ដែលជា​អកុសល​ធម៌ដ៏លាមក តែងជាប់តាមនូវបុគ្គល ដែលមិនសង្រួមនូវ​ចក្ខុន្ទ្រិយនោះ ព្រោះ​ហេតុមិនសង្រួមនូវចក្ខុន្ទ្រិយណា ក៏ប្រតិបត្តិ​ ដើម្បីសង្រួម​នូវចក្ខុន្ទ្រិយនោះ រក្សា​នូវចក្ខុន្ទ្រិយ ដល់នូវការសង្រួម​ក្នុងចក្ខុន្ទ្រិយ។ បានឮសម្លេង​ដោយត្រចៀកហើយ។បេ។ បានធំក្លិន​ដោយច្រមុះហើយ។ បានទទួលរស​ដោយ​អណ្តាតហើយ។ បានពាល់ត្រូវ​នូវ​ផោដ្ឋព្វារម្មណ៍ ដោយកាយហើយ។ បានដឹងច្បាស់​នូវធម្មារម្មណ៍​ដោយចិត្តហើយ តែមិនកួចកាន់នូវនិមិត្ត មិនកួចកាន់​នូវ​អនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ដែលជា​អកុសល​ធម៌ដ៏លាមក តែង​ជាប់តាម​នូវ​បុគ្គល ដែលមិនសង្រួមនូវមនិន្ទ្រិយនោះ ព្រោះ​ហេតុមិន​សង្រួម​នូវ​មនិន្ទ្រិយ​ណា ក៏ប្រតិបត្តិ ​ដើម្បីសង្រួម​នូវមនិន្ទ្រិយនោះ រក្សា​នូវមនិន្ទ្រិយ ដល់នូវសេចក្តីសង្រួម​ក្នុងមនិន្ទ្រិយ។ ភិក្ខុនោះ បានប្រកបព្រមដោយ​ឥន្ទ្រិយសំវរៈដ៏ប្រសើរនេះហើយ រមែង​ទទួលនូវអធិចិត្ត សុខដែល​មិន​បាន​ច្រឡូក​ច្រឡំ​ដោយ​កិលេស ក្នុងសន្តាននៃខ្លួន។ ម្នាលមាណព ភិក្ខុជាអ្នករក្សានូវ​ទ្វារ​ក្នុង​ឥន្ទ្រិយ​ទាំង​ឡាយ យ៉ាងនេះឯង។

[១២៤] ម្នាលមាណព ភិក្ខុជាអ្នកប្រកបដោយសតិ និងសម្បជញ្ញៈ តើ​ដូចម្តេច។ ម្នាលមាណព ភិក្ខុក្នុងសាសនានេះ កាលដើរទៅមុខ ឬថយ​ក្រោយ ក៏មានសេចក្តីដឹងខ្លួន កាលក្រឡេកមើលទៅមុខ ឬក្រឡេកមើល​ទៅទិសផ្សេងៗ (ឆ្វេងស្តាំ) ក៏​មានសេចក្តី​ដឹង​ខ្លួន កាលបត់ដៃជើង ឬលាដៃជើង ក៏មានសេចក្តីដឹងខ្លួន កាលទ្រទ្រង់​នូវ​សង្ឃាដិ បាត្រ និងចីវរ ក៏មានសេចក្តីដឹងខ្លួន កាលបរិភោគភោជន ឬផឹកទឹក ទំពាស៊ីខាទនីយៈ លិទ្ធភ្លក់នូវភេសជ្ជៈ មានសប្បិជាដើម ក៏មានសេចក្តីដឹងខ្លួន កាលបន្ទោង់នូវឧច្ចារៈ និងបស្សាវៈ ក៏មានសេចក្តីដឹងខ្លួន កាលដើរ ឬឈរ អង្គុយ ជិតដេកលក់ ភ្ញាក់ឡើង និយាយ ស្ងៀម ក៏មានសេចក្តីដឹងខ្លួន ម្នាលមាណព ភិក្ខុជាអ្នកប្រកបដោយសតិ និងសម្បជញ្ញៈ យ៉ាងនេះឯង។

[១២៥] ម្នាលមាណព ចុះភិក្ខុជាអ្នកសន្តោស តើ​ដូចម្តេច។ ម្នាលមាណព ភិក្ខុក្នុងសាសនានេះ ជាអ្នកសន្តោស​ដោយ​ចីវរ ជាគ្រឿងរក្សាកាយ ដោយ​បិណ្ឌបាត ជាគ្រឿង​រក្សាផ្ទៃ ភិក្ខុ​នោះ កាលបើចៀស​ចេញទៅក្នុងទិសណាៗ តែងកាន់យក​ (នូវគ្រឿង​​បរិក្ខារតែ៨ប៉ុណ្ណោះ) ជាប់ជាមួយនឹងខ្លួន ​ចេញទៅ ម្នាលមាណព ប្រៀប​ដូច​ជា​សត្វ​សកុណជាតិ ដែលមានស្លាប កាលហើរទៅក្នុងទិសណាៗ រមែងមានតែទម្ងន់ស្លាប​របស់ខ្លួនប៉ុណ្ណោះ ហើរទៅ ដូចម្តេចមិញ ម្នាលមាណព ភិក្ខុជាអ្នកសន្តោស​ដោយ​ចីវរ ជាគ្រឿងរក្សាកាយ ដោយបិណ្ឌបាត ជាគ្រឿង​រក្សាផ្ទៃ ភិក្ខុ​នោះ កាលបើ​ចេញទៅ​​ទិស​ណាៗ តែងកាន់យក​ (នូវគ្រឿង​បរិក្ខារតែ៨ប៉ុណ្ណោះ) ជាប់ជាមួយនឹងខ្លួន ចេញទៅ ក៏ដូច្នោះឯង។ ម្នាលមាណព ភិក្ខុជាអ្នកសន្តោស យ៉ាងនេះឯង។

[១២៦] ភិក្ខុនោះ ប្រកបដោយអរិយសីលក្ខន្ធនេះផង ប្រកបដោយ​ឥន្ទ្រិយសំវរៈដ៏​ប្រសើរ​នេះផង ប្រកបដោយ​សតិ និងសម្បជញ្ញៈដ៏ប្រសើរនេះផង ប្រកបដោយ​សេចក្តីសន្តោសដ៏ប្រសើរនេះផង តែងគប់រកនូវ​សេនាសនៈស្ងាត់ គឺព្រៃ គល់ឈើ ភ្នំ ជ្រោះភ្នំ រូងភ្នំ ព្រៃស្មសាន ព្រៃស្បាត ទីវាល ​គំនរ​ចំបើង ឬស្លឹកឈើ។ ភិក្ខុនោះ លុះ ត្រឡប់ពីបិណ្ឌបាត ក្នុងវេលាខាងក្រោយនៃភត្តហើយ ក៏អង្គុយ​ពត់ភ្នែន តម្រង់​កាយ​ឲ្យ​ត្រង់ តាំងស្មារតី ឲ្យមានមុខចំពោះ (ទៅរកកម្មដ្ឋាន)។ ភិក្ខុនោះ ក៏​លះបង់​នូវ​អភិជ្ឈា​ក្នុង​លោក គឺបញ្ចុបាទានក្ខន្ធ មានចិត្តប្រាសចាកអភិជ្ឈា ជំរះចិត្ត​ឲ្យស្អាត ចាកអភិជ្ឈា ​លះ​បង់​​នូវព្យាបាទ និងសេចក្តីប្រទូស្ត មានចិត្ត​មិនព្យាបាទ មានសេចក្តី​អនុគ្រោះ​ដោយ​ប្រយោជន៍ ដល់សត្វមានជីវិតទាំងពួង ជំរះចិត្តឲ្យស្អាត ចាកព្យាបាទ និងសេចក្តី​​ប្រទូស្ត ​លះបង់​នូវថីនមិទ្ធៈ គឺសេចក្តីងងុយ និងងោកងក់ ជាអ្នកប្រាសចាកថីនមិទ្ធៈ មាន​សេចក្តី​សំគាល់​នូវពន្លឺ ជាអ្នកបរិបូណ៌ ដោយសតិ និងសម្បជញ្ញៈ ជំរះចិត្តឲ្យស្អាត ចាក​ថីនមិទ្ធៈ លះបង់ នូវ​ឧទ្ធច្ចកុក្កុច្ចៈ គឺសេចក្តីរាយមាយ និងសេចក្តីរសាយ​ចិត្ត មានចិត្តមិនរាយមាយ ជាអ្នកមានចិត្តស្ងប់ស្ងាត់ក្នុងសន្តានរបស់ខ្លួន ជំរះចិត្តឲ្យស្អាតចាក​ឧទ្ធច្ចកុក្កុច្ចៈ លះបង់ នូវវិចិកិច្ឆា គឺសេចក្តីសង្ស័យ ជាអ្នកឆ្លង​ផុត​វិចិកិច្ឆាហើយ ​មិនមានសេចក្តីងឿងឆ្ងល់ ក្នុងកុសលធម៌ទាំងឡាយទេ ជំរះចិត្តឲ្យស្អាតចាកវិចិកិច្ឆា។

[១២៧] ម្នាលមាណព ដូចជាបុរស ដែលយកទ្រព្យជាបំណុលគេ ​ទៅប្រកប​ការងារទាំងឡាយ ឯការងារទាំងនោះ របស់​បុរសនោះក៏បានសម្រេច។ បុរសនោះ បាន​សង​ទ្រព្យជាដើមបំណុលចាស់រួច ឯទ្រព្យដែលចំណេញរបស់បុរសនោះ ក៏​មានសល់​នៅ​ច្រើន ល្មមចិញ្ចឹមប្រពន្ធ (កូន)បាន។ ទើបបុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា កាល​ពី​មុន អាត្មាអញ បានយកទ្រព្យជាបំណុល មក​ប្រកប​ការងារទាំងឡាយ ឯការងារ​ទាំង​នោះ របស់អាត្មាអញ បានសម្រេច អាត្មាអញសោត ក៏បានសងទ្រព្យជាដើម​បំណុល​ចាស់អស់ហើយ ទាំងទ្រព្យដែលចំណេញ​របស់​អាត្មាអញ ក៏​មានសល់​នៅច្រើន ល្មម​ចិញ្ចឹមប្រពន្ធ (កូន)បាន។ បុរសនោះ គប្បីបាន​នូវ​បាមោជ្ជៈ គឺសេចក្តីរីករាយ គប្បីបាន​នូវ​សេចក្តីសោមនស្ស មានទ្រព្យដែលចំណេញ​នោះជាហេតុ។ ម្នាលមាណព មួយទៀត ដូចជាបុរសដែលមានអាពាធ ដល់នូវសេចក្តីទុក្ខវេទនា មានជំងឺធ្ងន់ បរិភោគ​អាហារ​ក៏មិនបាន ទាំងកម្លាំងក្នុងខ្លួន ក៏មិនមាន។ លុះសម័យជាខាងក្រោយមក បុរស​នោះឯង បានជាសះស្បើយ អំពី​អាពាធ​នោះ បរិភោគអាហារក៏បាន ទាំងកម្លាំងក្នុងខ្លួនក៏មាន។ ទើបបុរស​នោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះ​ថា កាលពីមុន អាត្មាអញ មានអាពាធ ដល់​នូវ​សេចក្តីទុក្ខ វេទនា មានជម្ងឺធ្ងន់ បរិភោគអាហារ ក៏មិនបាន ទាំងកម្លាំងក្នុងខ្លួន ក៏​មិន​មាន ឥឡូវនេះ អាត្មាអញ បាន​ជា​សះ​ស្បើយ អំពីអាពាធនោះហើយ បរិភោគអាហារ ក៏​បាន ទាំងកម្លាំង​ក្នុងខ្លួន​ ក៏មាន។ បុរស​នោះ គប្បីបាននូវបាមោជ្ជៈ គប្បីបាននូវសេចក្តី​សោមនស្ស មានជាអំពី​អាពាធ​នេះ​ជា​ហេតុ។ ម្នាលមាណព មួយ​ទៀត ដូចជាបុរស​ដែលជាប់គុក លុះសម័យខាងក្រោយមក បុរស​នោះ​ បាន​រួចពីគុកនោះដោយសួស្តី ឥតមានភិតភ័យ ទាំងសេចក្តីបង់ខាតនៃ​ភោគៈ​ របស់បុរសនោះ សូម្បីបន្តិចបន្តួច ក៏មិនមាន។ ទើបបុរស​នោះ មានសេចក្តីត្រិះរិះ​យ៉ាង​នេះ​​ថា កាលពីមុន អាត្មាអញ ជាប់គុក ឥឡូវនេះ អាត្មាអញបាន​រួច​អំពីគុកនោះដោយសួស្តី ឥតមានភិតភ័យ ទាំង​សេចក្តី​បង់ខាតនៃ​ភោគៈ​ របស់អាត្មាអញ សូម្បីបន្តិចបន្តួច ក៏មិនមាន។ បុរស​នោះ គប្បី​បាននូវបាមោជ្ជៈ គប្បីបាននូវសេចក្តី​សោមនស្ស មានការរួចអំពីគុកនោះ ជាហេតុ។ ម្នាលមាណព មួយ​ទៀត ដូចជាបុរស ដែលជាទាសៈគេ តែងមិនបានធ្វើ​ការអ្វីមួយ ​តាម​អំពើ​ចិត្តរបស់ខ្លួន ប្រព្រឹត្ត​ទៅតាម​អំពើចិត្ត​របស់បុគ្គលដទៃ ទៅទីណា តាមសេចក្តី​ពេញចិត្ត​ខ្លួន ​មិនបានទេ។ លុះសម័យជាខាងក្រោយមក បុរស​នោះ បាន​រួច​អំពី​ភាវៈ​នៃខ្លួន ​ជាទាសៈគេនោះ ជាអ្នក​ធ្វើការងារអ្វីមួយ តាមអំពើចិត្តរបស់ខ្លួនបាន មិនប្រព្រឹត្ត​ទៅតាមអំពើចិត្តរបស់បុគ្គលដទៃ បានរួចជាអ្នកជា ទៅទីណា តាមសេចក្តីពេញចិត្ត​របស់​ខ្លួន​ក៏​បាន។ បុរស​នោះ មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា កាលពីមុន អាត្មាអញ ជាទាសៈគេ មិន​បានធ្វើ​ការអ្វីមួយ​តាមអំពើចិត្តរបស់ខ្លួន ប្រព្រឹត្ត​ទៅតាមអំពើចិត្ត​របស់​បុគ្គល​ដទៃ ទៅទីណា តាម​សេចក្តីពេញចិត្តខ្លួន​មិនបានឡើយ ឥឡូវនេះ អាត្មាអញ ​រួច​អំពី​​ភាវៈនៃខ្លួន​ជាទាសៈគេហើយ ជាអ្នក​ធ្វើការងារអ្វីមួយ ​តាមអំពើចិត្តរបស់ខ្លួនបាន មិនប្រព្រឹត្ត​ទៅ​តាម​អំពើចិត្តរបស់បុគ្គលដទៃ បានជាអ្នកជា ទៅទីណា តាមសេចក្តី​ពេញ​ចិត្ត​​ខ្លួនក៏បាន។ បុរស​នោះ គប្បីបាននូវបាមោជ្ជៈ បាននូវសេចក្តី​សោមនស្ស មានការរួច​អំពី​​ភាវៈនៃខ្លួន​ជាទាសៈគេនោះ ជាហេតុ។​ ម្នាលមាណព មួយ​ទៀត ដូចជា​បុរស​មាន​ទ្រព្យ មាន​ភោគៈ ដើរទៅកាន់ផ្លូវឆ្ងាយដាច់ស្រយាល ដែលជាផ្លូវរកអាហារបានដោយក្រ ជាផ្លូវប្រកប​ដោយ​ភ័យ​ចំពោះមុខ។ លុះសម័យខាងក្រោយមក បុរស​នោះ ​ក៏បានឆ្លងផុត អំពីផ្លូវ​ដាច់​ស្រយាល​នោះ បានដល់ទៅខាងក្នុងស្រុក ដែលជាទីក្សេម ឥតមានភិតភ័យ ដោយសួស្តី។ បុរស​នោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា កាលពីមុន អាត្មាអញសោត ជាអ្នកមានទ្រព្យ មានភោគៈ បានដើរ​ទៅកាន់ផ្លូវឆ្ងាយ​ដាច់ស្រយាល ដែលជា​ផ្លូវរក​អាហារ​បានដោយក្រ ជាផ្លូវប្រកបដោយភ័យ​ចំពោះ​មុខ ឥឡូវនេះ អាត្មាអញ បានឆ្លង​ផុត​អំពី​​ផ្លូវឆ្ងាយ​ដាច់​ស្រយាល​នោះហើយ បានចូលមកដល់ខាងក្នុង​​ស្រុក ដែលជាទីក្សេម ឥតមានភិតភ័យ ដោយសួស្តី។​ បុរស​នោះ ក៏បាននូវបាមោជ្ជៈ បាននូវសេចក្តី​សោមនស្ស មានការដល់មក​ខាងក្នុងស្រុក ជាទីក្សេមនោះ ជាហេតុ យ៉ាងណាមិញ។​ ម្នាលមាណព ភិក្ខុ​ពិចារណា​ឃើញ​នូវនីវរណៈទាំង៥ប្រការនេះ ក្នុងខ្លួន ដែលមិនទាន់​លះបង់បាន ដូច​ជាបំណុល ដូចជារោគ ដូចជាគុក ដូចជាអ្នករួច​ជាអ្នកជា ឬ​ដូចជា​ផ្លូវឆ្ងាយដាច់ស្រយាល ដូច្នោះ​ឯង។ ម្នាលមាណព ភិក្ខុដែលពិចារណាឃើញ នូវ​នីវរណៈធម៌ទាំង៥ប្រការនេះ​ក្នុងខ្លួន ដែលលះបង់បានហើយ ដូចជា​មិនជំពាក់បំណុល ដូចជា​មិនមានរោគ ដូចរួច​អំពី​គុក ដូចជាអ្នក​រួចជាអ្នកជា ដូចជា​ទីដ៏ក្សេម ដូច្នោះឯង កាលបើ​ភិក្ខុនោះ ពិចារណា​ឃើញ​នូវនីវរណៈទាំង៥ប្រការនេះ​ក្នុង​ខ្លួន ដែលលះបង់បានហើយ បាមោជ្ជៈ គឺសេចក្តីរីករាយ រមែងកើតឡើង កាលបើភិក្ខុនោះ មានចិត្តរីករាយ​ហើយ បីតិក៏កើតឡើង កាលបើ​ភិក្ខុ​មាន​​ចិត្តប្រកបដោយបីតិហើយ កាយ រមែងស្ងប់រម្ងាប់ កាលបើភិក្ខុ​មានកាយ​ស្ងប់រម្ងាប់​ហើយ រមែង​ទទួលនូវសេចក្តីសុខ ចិត្តរបស់ភិក្ខុ ដែលមានសេចក្តី​សុខ រមែងតាំង​ខ្ជាប់។ ភិក្ខុនោះ ក៏ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់​ចាក​ពូកអកុសលធម៌​ហើយ បានដល់នូវ​បឋមជ្ឈាន ដែលប្រកបដោយ​វិតក្កៈ ​វិចារៈ មានបីតិ និងសុខៈ កើតអំពីសេចក្តី​ស្ងាត់ ​សម្រាន្ត​ឥរិយាបថនៅ។ ភិក្ខុនោះ តែងញុំាងករជកាយនេះ ឲ្យជ្រួតជ្រាប ឲ្យស្កប់​ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ប្រទេសបន្តិចបន្តួច នៃកាយ​ទាំង​អស់ ​របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើត​អំពីសេចក្តីស្ងប់ស្ងាត់ មិនមានឡើយ។ ម្នាលមាណព ដូចជាអ្នកផ្ងូតទឹកក្តី​ កូនសិស្សរបស់អ្នកផ្ងូតទឹកក្តី ដែលជាអ្នកឈ្លាសវៃ រោយរាយ​នូវ​លំអិត​សម្រាប់ងូត ក្នុងភាជន៍សម្រិទ្ធិ ហើយស្រោច ប្រស់​ព្រំ​ដោយទឹក ឯដុំលំអិត សម្រាប់​ងូតនោះ ក៏រលាយទៅដោយទឹក ជ្រួតជ្រាបទៅក្នុងទឹក ច្រឡូកច្រឡំ​ទៅដោយទឹក ទាំង​ខាង​ក្នុង ខាងក្រៅ មិនបានខ្ចាត់ខ្ចាយពីគ្នាឡើយ ដូចម្តេចមិញ ម្នាលមាណព ភិក្ខុបានសម្រេច​បឋមជ្ឈាន ក៏ដូច្នោះឯង។បេ។ ម្នាលមាណព ភិក្ខុស្ងាត់ចាក​កាម​ទាំងឡាយ​ហើយ ស្ងាត់ចាកអកុសលធម៌​ទាំងឡាយហើយ បានដល់នូវ​បឋមជ្ឈាន ដែល​ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ កើតអំពីសេចក្តីស្ងាត់ សម្រាន្តឥរិយាបថនៅ ភិក្ខុនោះ តែងញុំាងករជកាយនេះ ឲ្យជ្រួតជ្រាប ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ប្រទេសបន្តិចបន្តួច ​នៃ​កាយ​​ទាំង​អស់​របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែល​កើត​​​អំពីសេចក្តីស្ងាត់ មិនមានឡើយ ដោយអំពើណា។ អំពើនេះឯង ជាសមាធិរបស់ភិក្ខុ​នោះ។

[១២៨] ម្នាលមាណព មួយវិញទៀត ភិក្ខុបានរម្ងាប់វិតក្កៈ វិចារៈហើយ ក៏បាន​ចូល​ដល់​ទុតិយជ្ឈាន ជាធម្មជាតជាក់ច្បាស់ក្នុងខ្លួន ប្រកបដោយ​សេចក្តីជ្រះថ្លា គឺសទ្ធា មាន​សភាពជាចិត្តខ្ពស់ឯង គ្មាន​វិតក្កៈ វិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ គឺ​បឋមជ្ឈាន សម្រាន្តឥរិយាបថនៅ។ ភិក្ខុនោះ តែង​ញុំាងករជកាយនេះ ឲ្យជ្រួតជ្រាប ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ ប្រទេសបន្តិចបន្តួច​ នៃ​កាយ​​ទាំង​អស់ ​របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើត​អំពីសមាធិ មិនមានឡើយ។ ម្នាលមាណព ដូច​ជា​អន្លង់ទឹកដ៏ជ្រៅ មានទឹកជោរឡើង ប្រឡាយ​ជាទីហូរនៃ​ទឹក ក្នុងទិសខាងកើត នៃ​អន្លង់​ទឹក​នោះ ក៏មិន​មានឡើយ ប្រឡាយ​ជាទីហូរនៃ​ទឹកក្នុងទិសខាងត្បូង ក៏មិន​មាន ប្រឡាយ​ជាទីហូរនៃ​ទឹកក្នុងទិសខាងលិច ក៏មិន​មាន ប្រឡាយ​ជាទីហូរនៃ​ទឹក ក្នុងទិសខាងជើង ក៏មិន​មាន បើមានភ្លៀង​បង្អុរចុះនូវធារទឹក​ដោយប្រពៃ សព្វៗកាល ធារទឹកត្រជាក់ ក៏ស្រាប់តែ​ជោរឡើងអំពីអន្លង់ទឹកនោះ ហើយញុំាង​អន្លង់ទឹកនោះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយដោយទឹកត្រជាក់នោះឯង ប្រទេស​បន្តិច​បន្តួច​នៃ​អន្លង់ទឹកទាំងអស់នោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយទឹកត្រជាក់ មិនមាន​ឡើយ ដូចម្តេចមិញ ម្នាលមាណព ភិក្ខុដែលបានទុតិយជ្ឈាន ដ៏ដូច្នោះឯង។បេ។ ម្នាលមាណព ភិក្ខុបានរម្ងាប់វិតក្កៈ និងវិចារៈហើយ។បេ។ បានដល់នូវទុតិយជ្ឈាន សម្រាន្ត​ឥរិយាបថ​នៅ ភិក្ខុនោះ តែងញុំាងករជកាយនេះ ឲ្យជ្រួតជ្រាប ឲ្យឆ្អែតស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ ប្រទេសបន្តិចបន្តួច​នៃ​កាយ​​ទាំង​អស់​របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើត​អំពី​សមាធិ មិនមានឡើយ ដោយអំពើណា។ អំពើនេះឯង ជាសមាធិរបស់ភិក្ខុនោះដែរ។

[១២៩] ម្នាលមាណព មួយវិញទៀត ភិក្ខុនឿយណាយ ចាកបីតិ ហើយ​ប្រកប​ដោយ​​ឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង ទទួល​នូវសុខ ដោយនាមកាយផង ព្រះអរិយៈ​ទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបាន​តតិយជ្ឈានថា បុគ្គល​ដែលបាន​នូវ​តតិយជ្ឈាន មានចិត្តប្រកបដោយ​ឧបេក្ខា មានស្មារតី នៅជា​សុខ ដូច្នេះ ព្រោះ​តតិយជ្ឈាន​ណា ក៏បានដល់នូវតតិយជ្ឈាននោះ សម្រាន្តឥរិយាបថនៅ។ ភិក្ខុនោះ តែងញុំាងករជកាយនេះ ឲ្យជ្រួតជ្រាប ឲ្យឆ្អែតស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយសុខៈ ដែលប្រាសចាកបីតិ ប្រទេសបន្តិចបន្តួច ​នៃ​កាយ​​ទាំង​អស់​របស់​ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយសុខៈ ដែលប្រាសចាកបីតិ មិនមានឡើយ។ ម្នាលមាណព ដូចជាជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី ក្នុងត្រពាំង ព្រលិតក្តី ក្នុងត្រពាំង​ឈូកក្រហមក្តី ក្នុងត្រពាំងឈូកសក្តី ដុះក្នុងទឹក ចំរើនក្នុងទឹក លូតលាស់តាមទឹក លិចនៅក្នុងទឹក ឯជលជាតិទាំងនោះ តែងជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយទឹកត្រជាក់ រហូតដល់​ចុង រហូតដល់គល់ អវយវៈបន្តិចបន្តួច​ នៃ​ជលជាតិទាំង​អស់ គឺព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយទឹកត្រជាក់ មិនមានឡើយ ដូចម្តេចមិញ ម្នាលមាណព ភិក្ខុ​ដែលបាន​តតិយជ្ឈាន ក៏ដូច្នោះឯង។បេ។ ម្នាលមាណព ភិក្ខុនឿយណាយ​ចាក​បីតិហើយ​។បេ។ ក៏បានដល់នូវតតិយជ្ឈាន សម្រាន្ត​ឥរិយាបថនៅ ភិក្ខុនោះ​ញុំាងករជ​កាយ​នេះ​ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយសុខៈ ដែលប្រាសចាក​បីតិ ប្រទេសបន្តិចបន្តួច ​នៃ​កាយ​​ទាំង​អស់​របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយសុខៈ ដែលប្រាសចាកបីតិ មិនមានឡើយ ដោយអំពើណា។ អំពើនេះ ជាសមាធិរបស់ភិក្ខុនោះឯងដែរ។

[១៣០] ម្នាលមាណព មួយវិញទៀត ព្រោះលះបង់នូវសុខ ព្រោះលះបង់នូវទុក្ខ​ ព្រោះរំលត់នូវសោមនស្ស និងទោមនស្ស ក្នុងកាលមុនហើយ ភិក្ខុក៏បានដល់នូវ​ចតុត្ថជ្ឈាន មានអារម្មណ៍ ​មិនជាទុក្ខ មិនជាសុខ គឺជាឧបេក្ខា មានសតិដ៏បរិសុទ្ធ ដែលកើតអំពី​ឧបេក្ខា ​សម្រាន្តឥរិយាបថនៅ។ ភិក្ខុនោះ​ តែងញុំាងករជកាយ​នេះ ឲ្យផ្សព្វ​ផ្សាយ ដោយចិត្តបរិសុទ្ធ ផូរផង់ អង្គុយនៅ ឯប្រទេសបន្តិចបន្តួច​ នៃ​កាយ​​ទាំង​អស់​របស់​ភិក្ខុ​នោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ មិនមានឡើយ។ ម្នាលមាណព ដូច​បុរស​យកសំពត់សស្អាត ដណ្តប់កាយ ព្រមទាំងក្បាល អង្គុយនៅ ប្រទេសបន្តិចបន្តួច ​នៃ​កាយ​​ទាំង​អស់ ​របស់បុរសនោះឯង ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយសំពត់​សស្អាត មិនមានឡើយ ដូចម្តេចមិញ ម្នាលមាណព។បេ។ ម្នាលមាណព ភិក្ខុ ព្រោះលះបង់នូវសុខៈ។បេ។ ក៏បានដល់នូវចតុត្ថជ្ឈាន សម្រាន្តឥរិយាបថនៅ ភិក្ខុ​នោះ​ តែងញុំាងករជកាយ​នេះ ឲ្យផ្សព្វ​ផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ អង្គុយនៅ ឯប្រទេសបន្តិចបន្តួច​ នៃ​កាយ​​ទាំង​អស់​របស់​ភិក្ខុ​នោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ មិនមានឡើយ ដូច្នោះឯង ដោយអំពើណា អំពើនេះឯង ជាសមាធិ របស់ភិក្ខុនោះ។ ម្នាលមាណព នេះឯង ជាអរិយសមាធិក្ខន្ធនោះ ដែល​សម្តេច​ព្រះមានព្រះភាគ ទ្រង់​បានពោលសរសើរហើយ ទាំង​ទ្រង់ណែនាំប្រជុំជននេះ ឲ្យ​ប្រតិបត្តិ ឲ្យតាំងនៅ ឲ្យប្រតិស្ឋាន ឯកិច្ច ដែលគួរធ្វើតទៅ ក្នុងសាសនានេះ នៅមាន​ទៀត។ សុភមាណព ពោលសរសើរថា បពិត្រព្រះអានន្ទដ៏ចំរើន ហេតុនេះអស្ចារ្យ​ណាស់ បពិត្រ​ព្រះអានន្ទដ៏ចំរើន ហេតុនេះ មិនធ្លាប់មាន បែរជាមានបាន បពិត្រព្រះអានន្ទ​ដ៏ចំរើន ក៏អរិយសមាធិក្ខន្ធនោះ​ បរិបូណ៌ហើយ មិនមែន​មិនបរិបូណ៌​ទេ បពិត្រ​ព្រះអានន្ទដ៏ចំរើន ខ្ញុំព្រះករុណា មិនដែលឃើញនូវ​អរិយសមាធិក្ខន្ធ ដែល​បរិបូណ៌​ហើយ​យ៉ាងនេះ ក្នុងពួកសមណព្រាហ្មណ៍ដទៃ ខាងក្រៅពុទ្ធសាសនានេះឡើយ បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន ឯពួកសមណព្រាហ្មណ៍ដទៃ ខាងក្រៅពុទ្ធសាសនានេះ គង់​បាន​ឃើញ​អរិយសមាធិក្ខន្ធ ដែលបរិបូណ៌ហើយយ៉ាងនេះ ក្នុងខ្លួនដែរ តែសមណព្រាហ្មណ៍​ទាំង​នោះឯង ពេញចិត្តដោយគុណ ត្រឹមតែសមាធិក្ខន្ធប៉ុណ្ណោះថា ល្មមហើយដោយ​គុណ​ មានប្រមាណប៉ុណ្ណេះ សម្រេចហើយដោយគុណ មានប្រមាណ​ប៉ុណ្ណេះ ប្រយោជន៍​នៃ​សាមញ្ញគុណ យើងបានដល់ហើយដោយលំដាប់ កិច្ចនីមួយ ដែលយើង​ទាំងឡាយ​គប្បីធ្វើ​តទៅ មិនមានឡើយ។ ចំណែកព្រះអានន្ទដ៏ចំរើន ពោលយ៉ាង​នេះថា កិច្ចដែលគួរធ្វើតទៅ ក្នុងសាសនានេះ នៅមានទៀត។

[១៣១] មាណពសួរថា បពិត្រព្រះអានន្ទដ៏ចំរើន ចុះអរិយបញ្ញាខន្ធ ដែលព្រះ​គោតម​ដ៏ចំរើន ទ្រង់បានពោលសរសើរហើយ ទាំងបានណែនាំប្រជុំជននេះ ឲ្យតាំងនៅ ឲ្យប្រតិស្ឋាន នោះ តើដូចម្តេច។ ព្រះអានន្ទតបថា កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង ​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ រមែង​ផ្ចង់តម្រង់ បង្អោនចិត្តទៅ ដើម្បីញាណទស្សនៈ។3) ភិក្ខុនោះ ដឹងច្បាស់​យ៉ាងនេះ​ថា កាយរបស់​អាត្មាអញនេះឯង មានរូប​ប្រកប​ដោយ​មហា​ភូតរូប​៤ កើតមកអំពីមាតា បិតា មានសេចក្តីចំរើន ដោយជាតិបាយ និងនំ មានការ​លាប ដុសខាត់ បំបាត់ក្លិនអាក្រក់ និងការគក់ច្របាច់ជានិច្ច និងការបែកធ្លាយ ខ្ចាត់ខ្ចាយទៅជា​ធម្មតា ក៏វិញ្ញាណរបស់អាត្មាអញនេះ អាស្រ័យនៅក្នុងកាយនេះ ជាប់​នៅ​ក្នុងកាយនេះ។ ម្នាលមាណព ដូចកែវពិទូរ្យដ៏ល្អ មានជាតិដ៏បរិសុទ្ធ មាន​ជ្រុង៨ ដែលជាង​បាន​ឆ្នៃ​ល្អ​ហើយ មានសម្បុរភ្លឺថ្លា ជ្រះថ្លាដោយវិសេស បរិបូណ៌​ដោយអាការទាំងពួង (មានដុស​លាង​ជាដើម) ប្រសិនបើគេដោតអំបោះទៅក្នុងកែវនោះ ជាអំបោះ​មានពណ៌​ខៀវក្តី លឿងក្តី ក្រហមក្តី សសុទ្ធក្តី សស្រទន់ក្តី បុរសដែលមានភ្នែកភ្លឺ គប្បី​យកកែវ​នោះ មកដាក់លើដៃ ហើយពិចារណាមើលថា នេះជាកែវពិទូរ្យដ៏ល្អ មាន​ជាតិដ៏បរិសុទ្ធ មានជ្រុង៨ ដែលជាងបានឆ្នៃល្អហើយ មានសម្បុរ​ភ្លឺថ្លា ជ្រះថ្លាដោយវិសេស បរិបូណ៌​ដោយអាការ​ទាំងពួង អំបោះដែលគេដោតក្នុងកែវនោះ ជាអំបោះ​មានពណ៌​ខៀវ​ក្តី លឿងក្តី ក្រហមក្តី សសុទ្ធក្តី សស្រទន់ក្តី យ៉ាងណាមិញ ម្នាលមាណព ភិក្ខុ​ដែល​បាន​ញាណទស្សនៈ ក៏យ៉ាងនោះឯង។បេ។ ម្នាលមាណព ភិក្ខុ កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាក​ឧបក្កិលេស មានសភាវពជាចិត្តទន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង ​មិនញាប់ញ័រ ទៅតាមអារម្មណ៍​យ៉ាងនេះហើយ តម្រង់​ផ្ចង់ បង្អោន​ចិត្តទៅ ដើម្បី​ញាណទស្សនៈ គឺវិបស្សនាញាណ ភិក្ខុ ក៏ដឹងច្បាស់​យ៉ាងនេះ​ថា កាយរបស់​អាត្មាអញនេះឯង មានរូប​ប្រកប​ដោយមហាភូតរូប៤ កើតអំពីមាតា បិតា មានសេចក្តីចំរើនដោយជាតិបាយ និងនំ មានការ​លាប ដុសខាត់ បំបាត់ក្លិនអាក្រក់ និងការគក់ច្របាច់ជានិច្ច និងការបែកធ្លាយ ខ្ចាត់ខ្ចាយទៅជា​ធម្មតា ក៏ឯវិញ្ញាណ​របស់​អាត្មា​អញនេះ អាស្រ័យនៅក្នុងកាយនេះ ជាប់​នៅ​ក្នុងកាយនេះ ដោយអំពើណា។ អំពើនេះឯង ជាបញ្ញារបស់ភិក្ខុនោះ។

[១៣២] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បី​និមិ្មត​នូវកាយ ដែលសម្រេចអំពីចិត្ត។ ភិក្ខុនោះ ក៏និម្មិតនូវកាយដទៃ ចេញអំពីកាយនេះ មានរូប​សម្រេច​អំពីចិត្ត មានអវយវៈតូចធំ សព្វគ្រប់ មានឥន្ទ្រិយ​មិនថោកថយ។ ម្នាលមាណព ដូចជាបុរសដកបណ្តូលចេញ អំពីស្មៅយាប្លង បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាស្មៅយាប្លង នេះជាបណ្តូល ឯស្មៅយាប្លងដទៃ បណ្តូលដទៃ តែថាបណ្តូល​ដែលអាត្មាអញដកចេញ​មក គឺដកអំពី​ស្មៅ​យាប្លង​ហ្នឹងឯង។ ម្នាលមាណព មួយទៀត ដូចជាបុរសហូត​ដាវ​ចេញ​អំពីស្រោម បុរសនោះ​រមែង​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះថា នេះជាដាវ នេះជាស្រោម ឯដាវដទៃ ស្រោមដទៃ តែថាដាវដែលអាត្មាអញ​ហូតចេញ គឺហូតចេញមកអំពីស្រោមហ្នឹងឯង។ ម្នាលមាណព ពុំនោះសោត ដូចបុរស ទាញយកពស់​ចេញ​អំពី​ស្រោម បុរសនោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា នេះជាពស់ នេះជាស្រោម ឯពស់ដទៃ ស្រោមដទៃ តែថាពស់​ដែល​អាត្មាអញ ទាញចេញពីស្រោម​ហ្នឹងឯង ដូចម្តេចមិញ ម្នាលមាណព ភិក្ខុ ដែល​បាន​ញាណទស្សនៈ ក៏ដូច្នោះឯង។បេ។ ម្នាលមាណព ភិក្ខុ កាលបើចិត្តតាំងខ្ជាប់ខ្ជួន។បេ។ ​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់ បង្អោនចិត្តទៅ ដើម្បី​និមិ្មត​នូវ​កាយ ដែលសម្រេចមកអំពីចិត្ត ដោយអំពើណា។បេ។ អំពើនេះឯង ជាបញ្ញារបស់​ភិក្ខុនោះ។

[១៣៣] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាស​ចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់ បង្អោនចិត្តទៅ ដើម្បី​តាក់​តែង​ឫទ្ធិ។ ភិក្ខុនោះ រមែងបាននូវការ​តាក់តែងឫទ្ធិជាច្រើនប្រការ គឺថាមនុស្ស​ម្នាក់ ធ្វើ​ឲ្យ​ទៅជាមនុស្សច្រើននាក់ក៏បាន មនុស្ស​ច្រើននាក់ ធ្វើឲ្យទៅជាមនុស្សម្នាក់ក៏បាន ដើរទៅ​មិនជាប់ជំពាក់នឹងទីវាល ទីខាងក្រៅ ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង និងទីខាង​ក្រៅ​ភ្នំ ដូចជាដើរទៅក្នុងអាកាសក៏បាន។ ភិក្ខុនោះ ធ្វើនូវការងើបឡើង ឬមុជចុះក្នុង​ផែន​ដី ដូចជាងើបឡើង ឬមុជចុះ​ក្នុងទឹកក៏បាន ដើរលើទឹក ក៏មិនបែកធ្លាយទឹក ហាក់ដូចជា​ដើរលើផែនដី​ក៏បាន ទៅឯអាកាសទាំងភ្នែន ដូចជាសត្វសកុណជាតិ ដែល​មានស្លាប​ក៏បាន យកដៃទៅស្ទាបអង្អែល​ ចាប់ពាល់ព្រះចន្ទ និង​ព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិ​ច្រើន​យ៉ាង​នោះ មានអានុភាពច្រើនយ៉ាងនេះក៏បាន ធ្វើអំណាច​ឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាប​ដល់​ព្រហ្មលោកក៏បាន។ ម្នាលមាណព មួយទៀត ដូចជាស្មូនឆ្នាំងក្តី កូនសិស្ស​របស់​ស្មូនឆ្នាំងក្តី ដែលឈ្លាសវៃ កាលបើ​ដីស្អិតដែលគេធ្វើបរិកម្មល្អហើយ បើ​ប្រាថ្នានឹងធ្វើភាជន៍ដ៏ប្លែកណាៗ ក៏គប្បីធ្វើឲ្យសម្រេច​នូវភាជន៍នោះៗបាន ម្នាលមាណព ពុំនោះសោត ដូចជាងភ្លុកក្តី កូនសិស្ស​របស់​ជាងភ្លុកក្តី ដែលឈ្លាសវៃ កាលបើ​ភ្លុក​ដែល​គេ​ធ្វើបរិកម្មល្អហើយ បើចង់ធ្វើនូវ​គ្រឿង​ប្រើប្រាស់ ជាវិការៈនៃ​ភ្លុក​ដ៏​ប្លែក​ណាៗ គប្បីធ្វើ​ឲ្យសម្រេចនូវគ្រឿង​ប្រើប្រាស់ ជាវិការៈ​នៃ​ភ្លុក​ដ៏ប្លែកនោះៗបាន ម្នាលមាណព ពុំនោះ​សោត ដូចជាជាងមាសក្តី កូនសិស្សរបស់ជាងមាសក្តី ដែល​ឈ្លាស​វៃ កាលបើមាស​ដែល​គេ​ធ្វើបរិកម្ម​ល្អហើយ បើចង់ធ្វើគ្រឿង​ប្រើប្រាស់ ជាវិការៈ​នៃមាស​ដ៏​ប្លែក​ណាៗ ក៏គប្បីធ្វើ​ឲ្យ​សម្រេច​នូវ​គ្រឿង​ប្រើប្រាស់ ជាវិការៈនៃ​មាសដ៏ប្លែកនោះៗបាន ដូចម្តេចមិញ ម្នាល​មាណព ភិក្ខុ កាល​បើ​ចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានទីទួល គឺ​កិលេស ប្រាសចាក​ឧបក្កិលេស មាន​សភាព​ជា​ចិត្តទន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាង​នេះ​ហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បី​តាក់​តែង​​ឫទ្ធិបាន ភិក្ខុ​នោះ រមែងបាននូវ​ការតាក់តែង​ឫទ្ធិ ជាច្រើនប្រការ គឺមនុស្ស​ម្នាក់ ធ្វើ​ឲ្យ​ទៅជាមនុស្ស​ច្រើន​នាក់ក៏បាន។បេ។ ញុំាងអំណាច​ឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាប​ដល់ព្រហ្មលោក​ក៏បាន។ អំពើនេះឯង ជាបញ្ញារបស់ភិក្ខុនោះ។

[១៣៤] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន។បេ។ មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បី​ទិព្វសោតធាតុ (ត្រចៀកទិព្វ)។ ភិក្ខុនោះ រមែងឮនូវសម្លេងពីរយ៉ាងបាន គឺសម្លេងជាទិព្វ១ សម្លេងជារបស់​មនុស្សធម្មតា១ ដែល​នៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ដោយទិព្វសោតធាតុ ដ៏បរិសុទ្ធ កន្លងបង់នូវ​សោតធាតុ​ ជារបស់មនុស្សធម្មតា។ ម្នាលមាណព ដូច​បុរស អ្នកដើរ​ទៅកាន់​ផ្លូវឆ្ងាយ បុរសនោះ ឮសម្លេងស្គរធំក្តី សម្លេងសំភោរក្តី សម្លេងស័ង្ខក្តី សម្លេងស្គរជ័យក្តី សម្លេងស្គរតូចក្តី បុរសនោះ ក៏មាន​សេចក្តីត្រិះរិះយ៉ាងនេះថា សម្លេងស្គរធំដូច្នេះក្តី សម្លេងសំភោរដូច្នេះ​ក្តី សម្លេងស័ង្ខដូច្នេះក្តី សម្លេងស្គរជ័យដូច្នេះក្តី សម្លេងស្គរតូចដូច្នេះក្តី ដូចម្តេចមិញ ម្នាលមាណព ភិក្ខុ ដែលបានទិព្វសោតធាតុ ក៏ដូច្នោះឯង។បេ។ ម្នាលមាណព ភិក្ខុ កាលបើចិត្តតាំងខ្ជាប់ខ្ជួន។បេ។ មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងឮសម្លេងពីរយ៉ាងបាន គឺសម្លេងជាទិព្វ១ សម្លេងជារបស់​មនុស្សធម្មតា១ ដែលនៅ​ក្នុង​ទី​ឆ្ងាយ​ក្តី ក្នុងទីជិតក្តី ដោយទិព្វសោតធាតុ ដ៏បរិសុទ្ធស្អាត កន្លងបង់​នូវសោតធាតុ ជា​របស់​មនុស្សធម្មតា។ អំពើនេះឯង ជាបញ្ញារបស់ភិក្ខុនោះ។

[១៣៥] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាស​​ចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង ​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បី​ចេតោបរិយញ្ញាណ គឺការកំណត់ដឹង​នូវចិត្តនៃសត្វដទៃ។ ភិក្ខុនោះ ក៏កំណត់ដឹង​នូវ​ចិត្ត​របស់ពួកសត្វដទៃ បុគ្គលដទៃ ដោយចិត្ត​របស់ខ្លួន​បាន គឺចិត្តដែលប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែល​ប្រាស​ចាក​រាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ ចិត្តដែលប្រកបដោយទោសៈ​ក្តី ក៏ដឹងច្បាស់ថា ចិត្ត​ប្រកប​ដោយ​ទោសៈ ចិត្តដែល​ប្រាស​ចាកទោសៈក្តី ក៏ដឹង​ច្បាស់​ថា ចិត្តប្រាសចាកទោសៈ ចិត្ត​ដែល​ប្រកប​ដោយមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តដែល​ប្រាស​ចាក​មោហៈក្តី ក៏ដឹងច្បាស់ថា ចិត្ត​ប្រាសចាក​មោហៈ ចិត្តដែលរួញថយក្តី ក៏ដឹងច្បាស់ថា ចិត្តរួញថយ ចិត្តដែលរាយមាយក្តី ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ចិត្តដែលជាមហគ្គតៈ គឺចិត្តដល់នូវ​ភាវៈ​ជាធំ បានខាងរូបាវចរ និងអរូបាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តជាមហគ្គតៈ ចិត្តដែលមិនមែន​ជា​មហគ្គតៈ គឺកាមាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមែនជាមហគ្គតៈ ចិត្តដែលជាសឧត្តរៈ គឺកាមាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តជាសឧត្តរៈ ចិត្តដែលជាអនុត្តរៈ គឺ រូបាវចរ និងអរូបាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តជាអនុត្តរៈ ចិត្តដែល​តាំងខ្ជាប់ខ្ជួនក្តី ក៏ដឹងច្បាស់ថា ចិត្តតាំងខ្ជាប់ខ្ជួន ចិត្តដែល​មិនទាន់បានតាំងខ្ជាប់ខ្ជួនក្តី4) ក៏ដឹងច្បាស់ថា ចិត្ត​មិនទាន់បានតាំងខ្ជាប់​ខ្ជួន​ ចិត្តដែលរួចស្រឡះ (ចាកកិលេស) ហើយក្តី ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះហើយ ចិត្តដែលមិនទាន់រួចស្រឡះ​ក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់​រួចស្រឡះ។ ម្នាលមាណព ដូច​ស្ត្រីក្តី បុរសក្តី ដែល​នៅក្មេង ជាក្រមុំ កម្លោះ នៅកំពុងចូលចិត្ត នឹង​គ្រឿងប្រដាប់​តាក់​តែង​រាង​កាយ កាល​ឆ្លុះ​មើល​ស្រមោល​មុខ របស់ខ្លួន​នៅក្នុងកញ្ចក់ ដ៏ស្អាត ផូរផង់ក្តី ក្នុងភាជន៍​ដ៏ពេញ​ដោយទឹក​ថ្លាក្តី បើស្រមោលមុខរបស់ខ្លួន ប្រកបដោយទោស មានមុន (ជាដើម)ក្តី ក៏ដឹងថា ​ប្រកប​ដោយទោស បើស្រមោលមុខរបស់ខ្លួន មិនប្រកបដោយទោសក្តី ក៏ដឹងថា មិន​ប្រកប​ដោយទោស ដូចម្តេចមិញ ម្នាលមាណព ភិក្ខុ​ដែលបាន​ចេតោបរិយញ្ញាណ ក៏ដូច្នោះឯង។បេ។ ម្នាលមាណព ភិក្ខុ កាលបើចិត្តតាំងខ្ជាប់ខ្ជួន។បេ។ មិនញាប់​ញ័រ​ទៅ​តាម​អារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់​បង្អោន​​ចិត្ត​ទៅ ដើម្បី​ចេតោបរិយញ្ញាណ។ ភិក្ខុនោះ ក៏កំណត់ដឹងនូវ​ចិត្តរបស់ពួក​សត្វ​ដទៃ បុគ្គលដទៃ ដោយចិត្ត​របស់ខ្លួន គឺចិត្ត​ដែល​ប្រកប​ដោយ​រាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ។បេ។ ចិត្តមិនទាន់បាន​រួច​ស្រឡះ​ក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់បាន​រួចស្រឡះ ដោយអំពើណា។ អំពើនេះឯង ជាបញ្ញារបស់ភិក្ខុនោះ។

[១៣៦] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន។បេ។ មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បី​បុព្វេនិវាសានុស្សតិញ្ញាណ។ ភិក្ខុនោះ ក៏រលឹកនូវខន្ធ ដែលសត្វអាស្រ័យ​នៅ ក្នុងកាលមុនជាច្រើនប្រការ រលឹកខន្ធដូចម្តេច គឺរលឹក​បាន​១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិក៏បាន រលឹកនូវសំវដ្តកប្បជាច្រើនក៏បាន វិវដ្តកប្បជាច្រើនក៏បាន ​សំវដ្តវិវដ្តកប្បជាច្រើនក៏បានថា អាត្មាអញ បានកើត​ក្នុង​ភព​ឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរ​យ៉ាងនេះ មានអាហារ​យ៉ាង​នេះ បានទទួលសុខ និងទុក្ខ​យ៉ាងនេះ មានកំណត់​អាយុត្រឹមប៉ុណ្ណេះ លុះអាត្មា​អញ​ច្យុត​ចាកអត្តភាពនោះហើយ ក៏បានទៅកើត​ក្នុងភព​ឯណោះ ដែល​ទៅកើតក្នុងភពនោះ ក៏មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មាន​សម្បុរ​​យ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខ​យ៉ាងនេះ មានកំណត់​អាយុត្រឹមប៉ុណ្ណេះ លុះច្យុត​ចាកអត្តភាពនោះហើយ ក៏បានមកកើត​ក្នុងភពនេះ។ ភិក្ខុនោះ រលឹក​បាននូវខន្ធ ដែលខ្លួន​អាស្រ័យ​នៅ ក្នុងកាលមុនជាច្រើនប្រការ ព្រមទាំងអាការ គឺសម្បុរ និងអាហារ​ជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រយ៉ាងនេះ។ម្នាលមាណព ដូច​បុរស ចេញអំពីស្រុក​របស់ខ្លួន ហើយទៅកាន់ស្រុកដទៃ ​ចេញ​អំពីស្រុកនោះ ហើយទៅកាន់​ស្រុកដទៃទៀត បុរសនោះឯង ក៏ត្រឡប់​មកពីស្រុកនោះ ហើយមកកាន់ស្រុករបស់ខ្លួនវិញ ហើយបុរសនោះ ក៏នឹងរលឹកឃើញយ៉ាងនេះថា អាត្មាអញ បានចេញអំពីស្រុក​របស់ខ្លួន ហើយទៅកាន់ស្រុកឯណោះ ដែលទៅដល់ស្រុកនោះ អាត្មាអញ បានឈរយ៉ាងនេះ បានអង្គុយយ៉ាងនេះ បាននិយាយយ៉ាងនេះ នៅស្ងៀម​យ៉ាងនេះ លុះអាត្មាអញ ​ចេញ​អំពីស្រុកនោះហើយ ទៅកាន់​ស្រុកឯណោះ ដែលទៅដល់ស្រុក​នោះ អាត្មាអញ បានឈរយ៉ាងនេះ បានអង្គុយយ៉ាងនេះ បាននិយាយយ៉ាងនេះ នៅស្ងៀម​យ៉ាងនេះ ឥឡូវ​នេះ អាត្មាអញ ត្រឡប់មកពីស្រុកនោះ មកកាន់​ស្រុក​របស់​ខ្លួនវិញហើយ ដូចម្តេចមិញ ម្នាលមាណព ភិក្ខុដែលបានបុព្វេនិវាសានុស្សតិញ្ញាណ ក៏ដូច្នោះឯង។បេ។ ម្នាលមាណព​ ភិក្ខុ កាល​បើចិត្តតាំងខ្ជាប់ខ្ជួន។បេ។ មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោន​ចិត្តទៅ ដើម្បី​បុព្វេនិវាសានុស្សតិញ្ញាណ ភិក្ខុនោះ ក៏រលឹកនូវ​បុព្វេនិវាសជាច្រើនប្រការ រលឹក​បានដូចម្តេច គឺរលឹកបាន​១ជាតិ ២ជាតិ​។បេ។ ភិក្ខុនោះ រលឹកបាននូវបុព្វេនិវាសជាច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស យ៉ាងនេះ ដោយអំពើណា។ អំពើនេះឯង ជាបញ្ញារបស់បុរសនោះ។

[១៣៧] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន។បេ។ មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីសត្តានំចុតូបបាតញ្ញាណ គឺសេចក្តី​ដឹងនូវចុតិ និងបដិសន្ធិនៃសត្វទាំងឡាយ។ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លង​បង់​នូវចក្ខុ​ជារបស់នៃមនុស្សធម្មតា រមែងឃើញ​នូវ​សត្វទាំងឡាយ ដែលច្យុត ដែល​កើត​ ជាសត្វថោកទាប ឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់​នូវ​សត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនថា អើហ្ន៎ សត្វទាំងអម្បាលនេះ ប្រកប​ដោយ​កាយទុច្ចរិត ប្រកបដោយ​វចីទុច្ចរិត ប្រកបដោយ​មនោទុច្ចរិត ជាអ្នក​ដៀល​ព្រះអរិយៈ​បុគ្គលទាំង​ឡាយ ជាមិច្ឆាទិដ្ឋិ ប្រកាន់​អំពើជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះ​រំលាង​កាយទៅបន្ទាប់អំពីមរណៈ ក៏ទៅកើត​ក្នុងអបាយ5) ទុគ្គតិ6) វិនិបាត7) នរក8) មួយ​សោត អើហ្ន៎ សត្វទាំងអម្បាលនេះ ប្រកបដោយ​កាយសុចរិត ប្រកបដោយ​វចីសុចរិត ប្រកបដោយ​មនោសុចរិត មិនតិះដៀល​នូវ​ព្រះអរិយបុគ្គលទាំង​ឡាយ ជាសម្មាទិដ្ឋិ ប្រកាន់នូវ​អំពើជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះដល់រំលាងកាយទៅ បន្ទាប់​អំពី​មរណៈ ក៏ទៅកើតក្នុងលោក គឺមនុស្ស សុគតិ និងសួគ៌ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏​បរិសុទ្ធ កន្លងបង់នូវចក្ខុ​ជារបស់​មនុស្ស​ធម្មតា រមែងឃើញ​នូវ​សត្វទាំងឡាយ ដែលច្យុត ដែលកើត ជាសត្វទាបថោក ឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មាន​គតិ​អាក្រក់ ដឹងច្បាស់​នូវ​សត្វទាំងឡាយ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន ដោយ​ប្រការ​ដូច្នេះឯង។ ម្នាលមាណព ​ដូចជា​ប្រាសាទ ដែលតាំងនៅក្បែរផ្លូវត្រឡែងកែង ជាកណ្តាល​ក្រុង បុរសដែលមានភ្នែក (ភ្លឺ) ឈរនៅ​លើប្រាសាទនោះ គប្បី​ឃើញ​នូវមនុស្សទាំងឡាយ ដែលចូលទៅកាន់ផ្ទះក្តី ចេញអំពីផ្ទះក្តី ត្រាច់សញ្ចរអំពី​ច្រកផ្លូវ ទៅកាន់ថ្នល់ក្តី ដែល​អង្គុយ​ក្បែរផ្លូវត្រឡែងកែង នាកណ្តាលក្រុងក្តី បុរសនោះ គប្បីដឹងច្បាស់​ យ៉ាងនេះថា មនុស្សទាំងនុ៎ះ ដើរចូលមកកាន់ផ្ទះ មនុស្សទាំងនុ៎ះ​ ចេញមក​អំពី​ផ្ទះ មនុស្សទាំងនុ៎ះ សញ្ចរអំពី​ច្រកផ្លូវ ទៅកាន់ថ្នល់ មនុស្សទាំងនុ៎ះ អង្គុយ​នៅ​ក្បែរ​ផ្លូវ​ត្រឡែងកែង នាកណ្តាល​ក្រុង ដូចម្តេចមិញ​ ម្នាលមាណព ភិក្ខុ ដែលបានសត្តានំចុតូបបាតញ្ញាណ ក៏ដូច្នោះឯង។បេ។ ម្នាលមាណព ភិក្ខុ កាលបើចិត្តតាំងខ្ជាប់ខ្ជួន។បេ។ មិនញាប់​ញ័រ​ទៅ​តាម​អារម្មណ៍ យ៉ាងនេះហើយ ក៏​តម្រង់ ផ្ចង់បង្អោនចិត្តទៅ ដើម្បីសត្តានំចុតូបបាតញ្ញាណ។ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុ​ជារបស់មនុស្សធម្មតា រមែង​ឃើញ​​នូវ​សត្វទាំងឡាយ ដែលច្យុត ដែលកើត ជាសត្វទាបថោក ឧត្តម មាន​សម្បុរ​ល្អ មាន​សម្បុរ​អាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់​នូវ​សត្វ ដែល​ប្រព្រឹត្តទៅ តាម​កម្ម​របស់​ខ្លួន ដោយអំពើណា។ អំពើនេះឯង ជាបញ្ញារបស់ភិក្ខុនោះ។

[១៣៨] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺ​កិលេស ប្រាស​​​ចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង ​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បី​ អាសវក្ខយញ្ញាណ គឺសេចក្តីដឹងនូវធម៌ ជាគ្រឿងអស់​ទៅនៃ​អាសវៈ។ ភិក្ខុនោះ ក៏​ដឹង​តាមពិតថា នេះជាទុក្ខ ដឹងតាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងតាមពិតថា នេះ​ជាសេចក្តីរលត់ទុក្ខ ដឹងតាមពិតថា នេះជាបដិបទា នាំឲ្យបានដល់នូវ​សេចក្តី​រលត់ទុក្ខ ដឹងតាមពិតថា នេះជាអាសវៈ ដឹងតាមពិតថា ធម៌នេះ ជាហេតុនាំឲ្យកើតអាសវៈ ដឹងតាមពិតថា នេះជាសេចក្តី​រលត់​អាសវៈ ដឹងតាមពិតថា នេះជាបដិបទា នាំឲ្យ​បានដល់​នូវសេចក្តី​រលត់អាសវៈ។ កាលបើភិក្ខុនោះដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្ត​ក៏​ផុត​ស្រឡះ​ ចាក​កាមាសវៈផង ចិត្តក៏ផុត​ស្រឡះ​ ចាក​ភវាសវៈផង ចិត្តក៏ផុតស្រឡះ ចាក​អវិជ្ជាសវៈផង។ កាលបើចិត្តផុតស្រឡះហើយ សេចក្តី​ដឹងក៏កើតឡើងថា ចិត្ត​ផុត​ស្រឡះ​ហើយ។ ភិក្ខុនោះ ក៏ដឹងច្បាស់ថា កំណើតអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាន​ប្រព្រឹត្ត​​គ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើ​ស្រេចហើយ ករណីយកិច្ចដទៃ ប្រព្រឹត្តទៅ ​ដើម្បី​សោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលមាណព ដូច​ជាអន្លង់ទឹក លើកំពូល​ភ្នំ ដែលថ្លាឈ្វេង ឥតមានកករល្អក់ បុរសដែល​មានភ្នែកភ្លឺ ឈរទៀប​មាត់​នៃអន្លង់​ទឹក​នោះ គប្បីឃើញនូវខ្យង និងគ្រំក្តី ដុំក្រួស និងបំណែកក្តី ហ្វូង​ត្រីដែល​ហែល​ទៅមក ឬឋិតនៅក្តី បុរសនោះ ក៏មានសេចក្តី​ត្រិះរិះយ៉ាងនេះថា អន្លង់ទឹក​នេះឯង ថ្លាឈ្វេង ឥតមានកករល្អក់ ខ្យង និងគ្រំទាំងឡាយនេះក្តី ដុំក្រួស និងបំណែក​ទាំងឡាយនេះក្តី ហ្វូងត្រីទាំង​ឡាយនេះ ដែលកំពុងហែលទៅមក ឬកំពុង​ឋិតនៅក្តី ក្នុងអន្លង់ទឹកនោះ យ៉ាងណាមិញ ម្នាលមាណព ភិក្ខុ ដែលបានអាសវក្ខយញ្ញាណ ក៏​យ៉ាង​នោះឯង។បេ។ ម្នាលមាណព ភិក្ខុ កាលបើចិត្ត​តាំងខ្ជាប់ខ្ជួន។បេ។ មិនញាប់​ញ័រ​ទៅ​តាម​អារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ។ ភិក្ខុនោះ ក៏​ដឹង​តាម​ពិត​ថា នេះជាទុក្ខ។បេ។ ដឹងតាមពិតថា នេះជាបដិបទា នាំឲ្យ​បានដល់​នូវ​សេចក្តីរលត់អាសវៈ។ ភិក្ខុនោះ កាលបើដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏ផុតស្រឡះ​ចាក​កាមាសវៈផង ចិត្តក៏ផុត​ស្រឡះ​ចាក​ភវាសវៈផង ចិត្តក៏ផុតស្រឡះ ចាកអវិជ្ជាសវៈផង។ កាលបើចិត្តផុតស្រឡះហើយ សេចក្តី​ដឹងក៏កើតឡើងថា ចិត្តផុតស្រឡះហើយ។ ភិក្ខុនោះ ក៏ដឹងច្បាស់ថា កំណើតនៃ​អាត្មាអញ​អស់​ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្ត​គ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បាន​ធ្វើ​​ស្រេចហើយ ករណីយកិច្ចដទៃ នៃអាត្មាអញ ដែលប្រព្រឹត្តទៅ​ ដើម្បីសោឡសកិច្ច​នេះ​ទៀត មិន​មាន​ឡើយ ដោយអំពើណា។ អំពើនេះឯង ជាបញ្ញារបស់ភិក្ខុនោះ។

[១៣៩] ម្នាលមាណព នេះឯងជាអរិយបញ្ញាខន្ធ ដែលព្រះមានព្រះភាគអង្គ​នោះ ទ្រង់បានពោលសរសើរហើយ ទាំងបានណែនាំប្រជុំជននេះ ឲ្យតាំងនៅ ឲ្យប្រតិស្ឋាន កិច្ចដែលគួរធ្វើតទៅទៀត ក្នុងសាសនានេះ មិនមានឡើយ។ សុភមាណព ពោល​សរសើរ​ថា បពិត្រព្រះអានន្ទដ៏ចំរើន អស្ចារ្យ​ណាស់ បពិត្រព្រះអានន្ទដ៏ចំរើន ហេតុនេះ មិនធ្លាប់​មាន បែរជាមានបាន បពិត្រព្រះអានន្ទដ៏ចំរើន អរិយបញ្ញាខន្ធនោះ​ បរិបូណ៌ហើយ មិនមែន​​មិនបរិបូណ៌​ទេ បពិត្រព្រះអានន្ទដ៏ចំរើន ខ្ញុំព្រះករុណា មិនដែលឃើញនូវ​អរិយបញ្ញាខន្ធ ដែល​បរិបូណ៌​​យ៉ាងនេះ ក្នុងសមណព្រាហ្មណ៍ទាំងឡាយដទៃ ខាង​ក្រៅ​ពុទ្ធ​សាសនានេះឡើយ កិច្ចនីមួយ ដែលយើងទាំងឡាយ គប្បីធ្វើ​តទៅទៀត មិនមានឡើយ។ បពិត្រព្រះអានន្ទដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអានន្ទដ៏ចំរើន ពីរោះ​ណាស់ បពិត្រព្រះអានន្ទដ៏ចំរើន ធម៌ដែលលោកម្ចាស់ សំដែងហើយ ដោយ​អនេក​បរិយាយ យ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចជាគេ​ផ្ងារនូវភាជន៍ ដែលផ្កាប់ ឬ​ដូចជា​គេ​បើក​បង្ហាញ​របស់ដែល​កំបាំង ពុំនោះ ដូចជាគេ​ប្រាប់​ផ្លូវ ដល់អ្នកវង្វេងផ្លូវ ពុំនោះសោត ដូចជា​គេ​បំភ្លឺ​ប្រទីប ​ក្នុង​ទី​ងងឹត​ ដោយគិតថា មនុស្សដែល​មានចក្ខុ​ (ភ្លឺ) នឹងមើលឃើញរូប​ទាំងឡាយ បពិត្រព្រះអានន្ទដ៏ចំរើន ខ្ញុំព្រះករុណានេះ សូមដល់នូវ​ព្រះគោតម​ដ៏​ចំរើន​ផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ ចាប់ដើមតាំងអំពី​ថ្ងៃនេះទៅ សូមព្រះអានន្ទដ៏ចំរើន ជ្រាបនូវខ្ញុំព្រះករុណាថា ជាឧបាសក ដល់នូវ​សរណគមន៍ ស្មើដោយជីវិត។

ចប់ សុភសូត្រ ទី១០។

 

លេខយោង

2021/10/03 14:34


ការ​កែ​សម្រួល និង​អត្ថបទ​ថ្មី។

PageDateUserDescription
អគ្គិសូត្រ ទី៩ 2024/04/22 10:45 Vila អាន
កកុធសូត្រ ទី៨ 2024/04/22 10:44 Vila អាន
(អវិជ្ជាបច្ចយ)សូត្រ ទី៥ 2024/04/21 19:13 Vila សង្ខេប🫂
ដល់ពាក្យ​សាមញ្ញ​៖ ១០៨ បទ ការ​ប្រៀបធៀប​ព្រះធម៌ 2024/04/21 18:14 Dhammañāṇa [កាបូបលុយដែលបាត់ The Lost Wallet]
(ទុតិយសមុទយធម្ម)សូត្រ ទី២ 2024/04/21 07:01 Dhammañāṇa អាន
សារជ្ជសូត្រ ទី៨ 2024/04/21 06:57 Dhammañāṇa សង្ខេប អាន
ទេវលោកសូត្រ ទី៨ 2024/04/12 19:06 Dhammañāṇa សង្ខេប
អធម្មចរិយាសូត្រ ទី១០ 2024/04/12 01:40 Dhammañāṇa សង្ខេប
(លោកាយតិក)សូត្រ ទី៨ 2024/04/11 14:14 Dhammañāṇa សង្ខេប
(លោក)សូត្រ ទី៤ 2024/04/10 17:20 Vila  
បឋមឥធលោកិកសូត្រ ទី៩ 2024/04/10 05:09 Dhammañāṇa សង្ខេប
វេនាគបុរសូត្រ ទី៣ 2024/04/09 16:50 Sukhavipula អាន
ចិន្តីសូត្រ ទី៣ 2024/04/09 16:10 Vila អាន
(ជាណុស្សោណិ)សូត្រ ទី៧ 2024/04/09 10:06 Vila អាន
សុខវគ្គ ទី២(៧) 2024/04/09 07:28 Dhammañāṇa សង្ខេប

1)
ក្នុងអដ្ឋកថា ថា ព្រះមានព្រះភាគ បរិនិព្វាន​ទៅបាន​ជាង១ខែ។
2)
អដ្ឋកថា ថា កាលបើមានរោគដំបៅ ដាក់ថ្នាំ មានថ្នាំផ្សាជាដើម ក្នុងដំបៅនោះ កាលបើដំបៅស្រួលសមគួរហើយ ក៏នាំយកថ្នាំនោះចេញ។
3)
ក្នុងអដ្ឋកថា ថា មគ្គញ្ញាណក្តី​ ផលញ្ញាណ​ក្តី សព្វញ្ញុតញ្ញាណក្តី បច្ចវេក្ខណញ្ញាណក្តី វិបស្សនាញាណក្តី លោកហៅថា ញាណទស្សនៈ តែក្នុងទីនេះ ព្រះថេរៈ សំដែង​សំដៅវិបស្សនាញាណតែម្យ៉ាង។
4)
ចិត្តជាអប្បនាសមាធិ ឬឧបចារសមាធិ
5)
កំណើត​សត្វតិរច្ឆាន
6)
បេតវិស័យ
7)
អសុរកាយ ដែលមានមហិទ្ធិឫទ្ធិ ដូចរាហូអសុរិន្ទជាដើម។
8)
នរក គឺលោក​ដែលគ្មានសេចក្តីចំរើន មានច្រើនប្រការ មានអវិចិនរកជាដើម។
km/index.txt · ពេលកែចុងក្រោយ: 2023/04/07 15:56 និពន្ឋដោយ Johann